ចិន៖ កាលពីពេលថ្មីៗនេះ សិស្សានុសិស្សនៅ ក្នុងប្រទេសចិន រាប់លាននាក់
បាននាំគ្នា ធ្វើលំហាត់ប្រាណភ្នែក ដើម្បីអាចឲ្យ ពួកគេជៀសផុត
ពីការមីញ៉ូបភ្នែក ដែលវិធីនេះ យើងមិនធ្លាប់បាន ដឹងនិងឃើញ ពីមុនមកឡើយ
ជាហេតុធ្វើឲ្យមាន ការចាប់អារម្មណ៍ ពីសំណាក់មនុស្ស ជាច្រើនជុំវិញ ពិភពលោក។
យោងតាមប្រភព ព័ត៌មានរបស់ Wall Street បានឲ្យដឹងថា ការធ្វើលំហាត់ប្រាណ
ត្រង់បរិវេណភ្នែក ត្រូវបានបង្កើតឡើង ដោយផ្អែកលើ គំនិតវេជ្ជសាស្ត្របុរាណ
របស់ប្រទេសចិន ដែលត្រូវបាន គេជឿជាក់យ៉ាង ទូលំទូលាយថា ការធ្វើបែបនេះ
នឹងអាចឲ្យមនុស្ស ជាពិសេសកុមារ ជៀសផុតពី ការមីញ៉ូបភ្នែក។
ដូច្នេះហើយ សិស្សសាលា រាប់លាននាក់ នៅក្នុងប្រទេសចិន ត្រូវអនុវត្ត
វិធីនេះ ជារៀងរាល់ថ្ងៃ សិក្សារបស់ពួកគេ ដោយក្នុងនោះ នៅតាមថ្នាក់រៀន
នីមួយៗត្រូវ មានសិស្សគំរូ ឬក៏ប្រធានថ្នាក់ ឡើងមកឈរ នៅក្តារខៀន ខាងមុខ
ដើម្បីណែនាំ នូវវិធីហាត់ប្រាណ ភ្នែកដល់ សិស្សឯទៀត ក្នុងការធ្វើ វិធីមួយនេះ
ឲ្យមានប្រសិទ្ធិភាព ទាំងអស់គ្នា។
ផ្អែកលើរបាយការណ៍ ស្រាវជ្រាវទៅលើ ការមីញ៉ូបភ្នែក កាលពីឆ្នាំ ២០១៣
ក្នុងទីក្រុង ប៉េកាំង បានបង្ហាញថា លំហាត់ប្រាណបែបនេះ ពិតជាអាច ជួយសម្រាល
ទៅដល់ភាពតានតឹង ត្រង់ចក្ខុវិញ្ញាណ របស់មនុស្សពិតមែន ដូចជា ការឈឺក្បាល
ឬក៏រោយភ្នែក ជាដើម ប៉ុន្តែក៏នៅ មិនទាន់មាន ការបញ្ជាក់ច្បាស់ ថាតើការ
ធ្វើបែបនេះ ពិតជាអាច ជួយឲ្យមនុស្ស គេចផុតពី ការមីញ៉ូបភ្នែក បានឬយ៉ាងណា។
យ៉ាងណាមិញ សាស្ត្រាចារ្យ Jost Jonas សាស្ត្រាចារ្យ ជំនាញផ្នែកភ្នែក
នៃសាកលវិទ្យាល័យ Heidelberg ក្នុងប្រទេស អាល្លឺម៉ង់ បាននិយាយថា “ប្រសិនបើ
លំហាត់ប្រាណបែបនេះ ពិតជាទទួល បានផលមែននោះ អត្រានៃការ មីញ៉ូបភ្នែក
របស់មនុស្ស នឹងមិនឡើង ខ្ពស់ទៀតនោះទេ ដូច្នេះហើយ ការអនុវត្តវិធី
ហាត់ប្រាណត្រង់ បរិវេណភ្នែក បែបនេះគឺ ជាការល្អ”។
គួរបញ្ជាក់ផងដែរថា នៅដើមឆ្នាំនេះ អត្រាសិស្ស ក្នុងប្រទេសចិន ដែលមានការ
មីញ៉ូបភ្នែក ឡើងទៅដល់ ៨០% ដូច្នេះហើយ ទើបមានការ ដាក់ឲ្យអនុវត្ត
វិធីហាត់ប្រាណ ត្រង់ភ្នែកបែបនោះ ដើម្បីអាច ឲ្យសិស្សជៀសផុត
ពីការមីញ៉ូបភ្នែក៕

សិស្សក្នុងប្រទេសចិន កំពុងធ្វើលំហាត់ប្រាណ ភ្នែក
ប្រភព៖ Shanghaiist
ដោយ៖ សុជាតិ
ខ្មែរឡូត







0 comments:
Post a Comment