ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិទស្សនាប្រាសាទព្រះវិហារមានការកើនឡើងជាងឆ្នាំ២០១៣
ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០១៥ ម៉ោង ១៤:២៥
ខេត្តព្រះវិហារ ៖ ប្រាសាទព្រះវិហារទទួលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិចូលទៅទស្សនាជាច្រើននាក់ក្នុងមួយថ្ងៃៗក្នុងឆ្នាំ២០១៤ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៣មានការកើនឡើងគួរឲ្យកត់សម្គាល់ ។
មន្ត្រីអាជ្ញាធរជាតិព្រះវិហារបានឱ្យដឹងកាលព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៥នេះថា ក្នុងមួយថ្ងៃៗភ្ញៀវទេចរណ៍ជាតិ និងអន្តរជាតិចូលមកទស្សនាប្រាង្គប្រាសាទព្រះវិហារប្រមាណជា១០០នាក់ ទៅ១៥០នាក់ ដែលមកពីគ្រប់បណ្តាខេត្ត-ក្រុងក្នុងព្រះរាជាណាចក្រកម្ពុជា ជាហូរហែរមិនដែលដាច់ ។ មន្ត្រីអាជ្ញាធរជាតិព្រះវិហារដដែលបានបន្តថា នៅតំបន់រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រប្រាសាទព្រះវិហារក៏មានសេវាកម្មទទួលភ្ញៀវទេសចរណ៍ ដូចជាសេវាកម្មផ្ទះសំណាក់ អាហារដ្ឋាន និងសេវាកម្មជាច្រើនផ្សេងទៀតផងដែរ ។
ភ្ញៀវទេសចរណ៍ដែលទៅកម្សាន្តនៅតំបន់រមណីយដ្ឋានប្រាសាទព្រះវិហារនាពេលនោះដែរបានឲ្យដឹងថា ពួកគេមានមោទនភាពខ្លាំងណាស់ដែលបានឃើញនូវស្នាដៃនៃស្ថាបត្យកម្មរបស់បុព្វបុរសខ្មែរពីជំនាន់ដើម ដែលបានបន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយបានឃើញ បានយល់ និងរួបរួមគ្នាថែរក្សាបន្តទៅទៀតឲ្យបានគង់វង្ស ។
តាមរបាយការណ៍ស្ថិតិរបស់មន្ទីរទេសចរណ៍ខេត្តព្រះវិហារបានឲ្យដឹងថា ក្នុងឆ្នាំ២០១៤ប្រាសាទព្រះវិហារទទួលភ្ញៀវទេសចរណ៍ជាតិមានចំនួន៩៤៥៧១នាក់ កើនឡើងចំនួន៥៩% និងភ្ញៀវទេសចរណ៍អន្តរជាតិមានចំនួន១៣៦៩១នាក់ កើនឡើងចំនួន២៨% បើប្រៀបធៀបទៅនឹងឆ្នាំ២០១៣កន្លងទៅ ។
សូមបញ្ជាក់ផងដែរថា ចំពោះស្ថានការយោធានៅតំបន់ព្រំដែនកម្ពុជា-ថៃ ទិសទី១ប្រាសាទព្រះវិហារមានសភាពស្ងប់ស្ងាត់មិនមានអ្វីគួរឲ្យកត់សម្គាល់នោះទេ បើទោះបីនៅក្នុងប្រទេសថៃកំពុងដឹកនាំដោយរដ្ឋាភិបាលយោធាក៏ដោយ ចំណែកឯកងកម្លាំងទាំង២ភាគីក៏មានការទំនាក់ទំនងគ្នាល្អផងដែរ ៕














0 comments:
Post a Comment