៨ ចំណុចដែលលោកអ្នកគួរស្វែងយល់អំពីលក្ខណៈពិសេសរបស់កូននាគអាស៊ី ហុងកុង
ហុងកុងធ្លាប់ត្រូវបានគ្រប់គ្រងដោយចក្រភពអង់គ្លេសពីឆ្នាំ១៨៤២ – ១៩៩៧ ហើយអង់គ្លេសបានប្រគល់ទៅឲ្យចិនវិញ។ ហុងកុងស្ថិតក្នុងចំណោមប្រទេសកូននាគអាស៊ីទាំងបួន ៖ សិង្ហបុរី – ហុងកុង – តៃវ៉ាន់ – កូរ៉េខាងត្បូង។ ហុងកុងមានផ្ទៃក្រឡា ១១០៤ គីឡូម៉ែត្រការ៉េ និងប្រជាពលរដ្ឋជាង ៧ លាននាក់។
១- ហុងកុងមានឈ្មោះជាតំបន់ពិសេស៖ ហុងកុងដូចទីក្រុងម៉ាកាវដែរ មានឈ្មោះជាតំបន់រដ្ឋបាលពិសេសហុងកុង។ ប្រកានេះនាំឲ្យហុងកុងមានលក្ខណៈជារដ្ឋបុរី (city state)។
២- ពាក្យហុងកុង ប្រសិនបើគេបកប្រែជាភាសាខ្មែរមានន័យថា «កំពង់ផែក្រអូប – fragrant harbor»។
៣- នៅហុងកុងមានភោជនីយដ្ឋានមួយកន្លែងមានអ្នករត់តុជាមនុស្សយន្ត (robot)។
៤- ហុងកុងជាទីក្រុងដែលមានកំហាប់ប្រជាពលរដ្ឋ ឬដង់ស៊ីតេខ្ពស់។ គិតជាមធ្យមតាមល្បាយស្មើសាច់ ផ្ទៃដីមួយម៉ែត្រការ៉េមានមនុស្ស ៦,៥ នាក់រស់នៅ។
៥- ប្រសិនបើគេគិតតាមកត្តាភូមិសាស្ត្រ ហុងកុងមានអាកាសធាតុសើម ព្រោះស្ថិតនៅក្នុងភូមិភាគអនុតំបន់ត្រូពិច (sub-tropic)។ ប៉ុន្តែផ្ទុយពីនោះ ក្នុងទិដ្ឋភាពជាក់ស្ដែង ហុងកុងមានអាកាសធាតុត្រូពិចចំតួតែម្ដង គឺក្ដៅនិងសើម។ ពីខែឧសភា – កញ្ញា ហុងកុងទទួលរងវិសម្ពាធ និងខ្យល់ព្យុះ ហើយបណ្ដាលឲ្យកើតមានភ្លៀងធ្លាក់ជាច្រើនមេតាមរដូវមូសុង (monsoon)។ ក្នុងករណីដែលមានភ្លៀងធ្លាក់ខ្លាំងទាំងយប់ទាំងថ្ងៃ ការិយាល័យធ្វើការត្រូវបិទទ្វារសម្រាក។
៦- ហុងកុងមានឈ្មោះជាទីក្រុងដែលមានផលធៀបខ្ពស់បំផុតនៅក្នុងពិភពលោកខាងសម្បូររថយន្តម៉ាករ៉ុលរ៉យ (Roll-Royce) និងរថយន្តម៉ាកម៊ែសឺដេះ (Mercedes) និងសម្បូរហាងលក់ទំនិញ ភោជនីយដ្ឋាន សណ្ឋាគារ ក្លិបកម្សាន្តយ៉ាងច្រើនស្អេកស្កះ និងណែនណាន់តាន់តាប់។ ប៉ុន្តែគម្លាតរវាងអ្នកមាន និងអ្នកក្រនៅហុងកុងក៏ខ្ពស់ដាច់គេផងដែរ ប្រៀបបាននឹងប្រទេសអ៊ីស្រាអែល – សិង្ហបុរី និងសហរដ្ឋអាមេរិក។
៧- ព្រោះហុងកុងមានកំហាប់ប្រជាពលរដ្ឋច្រើន ដូចនេះ ហុងកុងក៏មានអគារខ្ពស់ៗជាប្រភេទ skyscraper រហូតដល់ទៅជាង ៨ ពាន់ អគារ។
៨- ប្រសិនបើគេស្ដាប់មួយភ្លែត ប្រហែលជាអស់លោកអ្នកគិតថាហុងកុងមានផ្ទៃដីតូចប៉ុណ្ណោះ ប្រហែលជាមិនមានព្រៃឈើ ឬផ្ទៃដីសម្រាប់ជាសួនកម្សាន្ត ហើយមិនដឹងជាចង្អៀតយ៉ាងណាទេមើលទៅ? ប៉ុន្តែតាមធាតុពិត ហុងកុងមានគម្របព្រៃឈើ និងសួនឧទ្យានដ៏ស្រស់ត្រកាល ដែលសរុបទាំងអស់ស្មើនឹង ២៥% នៃផ្ទៃដីសរុប។ ក្នុងនោះ សួនឧទ្យាននៅលើដីមានចំនួន ២៤ កន្លែង និងសួនឧទ្យានលើផ្ទៃទឹក និងក្រោមទឹកមានចំនួនបួនកន្លែង៕
ប្រែសម្រួល ៖ អន សំអាង
ប្រភព៖ Business Insider








0 comments:
Post a Comment