Tuesday, May 19, 2015

ការ​រស់នៅ​ល្អ​អាច​ជួយ​ពន្យារ​..............

ការ​រស់នៅ​ល្អ​អាច​ជួយ​ពន្យារ​ឱកាស​កើត​ជំងឺ​ភ្លេចភ្លាំង​ដល់​12​ឆ្នាំ

ក្រុម​អ្នក​ស្រាវជ្រាវ​ចក្រភព​អង់គ្លេស​បាន​អះអាង​ថា របៀបរបប​នៃ​ការ​រស់នៅ​ល្អ​អាច​នឹង​ជួយ​ពន្យារ​ឱកាស​កើត​ជំងឺ​វង្វេងវង្វាន់​ភ្លេចភ្លាំង​បាន​រហូត​ដល់​១២​ឆ្នាំ ។
ពួក​គេ​ថា ជំងឺ​បេះដូង​អាច​នឹង​ត្រូវ​បាន​ទប់ស្កាត់​ក្នុង​រយៈពេល​៦​ឆ្នាំ​ធៀប​នឹង​បុគ្គល​ដែល​មិន​យកចិត្តទុកដាក់​ហាត់ប្រាណ​និង​របប​អាហារ​ទទួលទាន ។ ការ​រស់នៅ​ល្អ​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​កត្ដា​៥​ចំណុច​គឺ​ការ​ហាត់ប្រាណ​ទៀងទាត់​រាល់ថ្ងៃ មិន​ជក់បារី មិន​ផឹកស្រា​ច្រើន​ហួស​កម្រិត ទទួលទាន​របប​អាហារ​ល្អ និង​រក្សា​ទម្ងន់​ខ្លួន​កុំឱ្យ​ធាត់​ជ្រុល ។
ការ​ពិសោធ​លើ​បុរស​វ័យ​៤៥-៥៩​ឆ្នាំ​ចំនួន​២​ពាន់​៥​រយ​នាក់​រយៈពេល​៣៥​ឆ្នាំ​បាន​បង្ហាញ​ថា អ្នក​ដែល​បាន​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​ការ​រស់នៅ​ល្អ​គឺ​៦០​ភាគរយ​អាច​នឹង​ជៀស​ផុត​ពី​ការ​កើត​ជំងឺ​ភ្លេចភ្លាំង ។ ចំណែក​ហានិភ័យ​នៃ​ជំងឺ​គាំងបេះដូង​និង​ដាច់​សរសៃឈាម​ខួរក្បាល​ត្រូវ​បាន​កាត់​បន្ថយ​អស់​៤០​ភាគរយ​ខណៈ​ហានិភ័យ​ជំងឺ​ទឹកនោមផ្អែម​អាច​កាត់​បន្ថយ​បាន​ដល់​ទៅ ៧០​ភាគរយ ។
សាស្ត្រាចារ្យ Peter Elwood ជា​អ្នកដឹកនាំ​ការ​សិក្សា​និយាយ​ថា ការ​រក​ឃើញ​លើក​នេះ​គឺជា​ការ​ដាស់​ស្មារតី​ដល់​សាធារណជន​ទូទៅ​ឱ្យ​ងាក​មក​ចាប់​អារម្មណ៍​លើ​ការ​ប្រើ​វិធីសាស្ត្រ​ធម្មជាតិ​បង្ការ​បញ្ហា​សុខភាព​របស់​ខ្លួន ។ លោក​បន្ត​ថា​៖«​អំឡុង​ការ​ពិសោធ​ជា​ច្រើន​ឆ្នាំ​គឺ​មាន​បុរស​តែ​៣០​នាក់​ប៉ុណ្ណោះ​ដែល​អនុវត្ត​នូវ​ការ​រស់នៅ​ល្អ​ទាំង​៥​ចំណុច ។ ថ្វីបើ​ចំណុច​ទាំងនេះ​មិន​អាច​ជួយ​ការពារ​ពួក​គេ​ពី​ការ​យាយី​ដោយ​ជំងឺ​ផ្សេង​បាន​ទាំងស្រុង តែ​វា​ក៏​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​បាន​ផង​ដែរ ជា​ពិសេស​គឺ​ជំងឺ​វង្វេងវង្វាន់ ។ គិត​ពី​រយៈពេល វា​អាច​ពន្យារ​ដល់​១២​ឆ្នាំ​ខណៈ​ជំងឺ​បេះដូង​អាច​ពន្យារ​បាន​៦​ឆ្នាំ​» ៕

brought to you by IT Koh Trol

0 comments:

Post a Comment