ថ្មីៗនេះ តារាសម្ដែងជើងចាស់ហុងកុង Jackie Chan ហៅ ឈិនឡុង ទើបតែបើកសាលាបង្រៀនមុខវិជ្ជាពាក់ព័ន្ធនឹងការផលិតភាពយន្តផ្ទាល់ខ្លួនមួយ ឈ្មោះថា The Jackie Chan Film and Television Academy នៅទីក្រុង Wuhan ដោយលោកគឺជាព្រឹទ្ធបុរសផ្ទាល់នៅទីនោះ។

បន្ទាប់ពីកម្មវិធីបើកសម្ពោធសាលាជាផ្លូវការ កាលពីថ្ងៃទី២០ ខែឧសភា កន្លងទៅ តារាក្បាច់គុនវ័យ ៦១ឆ្នាំរូបនេះ បានសរសេរសារលើបណ្ដាញសង្គម Weibo របស់ខ្លួនថា “ទីបំផុតខ្ញុំបានសម្រេចក្ដីសុបិនដ៏ធំក្នុងជីវិតខ្ញុំហើយ”។
លោកបានបន្តថា ដោយមើលឃើញថាវិស័យភាពយន្តចិនតែងតែជួលក្រុមការងារ និងអ្នកដឹកនាំរឿងពីបរទេស លោកយល់ថាដល់ពេលដែលត្រូវបណ្ដុះបណ្ដាលអ្នកមានទេពកោសល្យនៅប្រទេសខ្លួនឯងហើយ។ ដូច្នេះសាលាបង្ហាត់មុខវិជ្ជាភាពយន្ត Jackie Chan ក៏បានចាប់កំណើតឡើង។
តារាសម្ដែង និងអ្នកដឹកនាំរឿងរូបនេះ បានឲ្យដឹងថា លោកបានអញ្ជើញមិត្តរួមអាជីពមួយចំនួនដូចជា តារាសម្ដែង Zhang Guoli, តារាសម្ដែង Li Bingbing, អ្នកដឹកនាំរឿង Feng Xiaogang និងភរិយា Xu Fan មកធ្វើជាសាស្ត្រាចារ្យសម្រាប់វិទ្យាស្ថានរបស់លោក។ Jackie Chan មានគម្រោងទាក់ទងផលិតករភាពយន្តជាច្រើនទៀត ដើម្បីបង្រៀនសិស្សរបស់ខ្លួន ហើយការសិក្សាមិនត្រឹមតែក្នុងថ្នាក់រៀនប៉ុណ្ណោះទេ គឺត្រូវអនុវត្តជាក់ស្ដែងតែម្ដង។
បច្ចុប្បន្នវិទ្យាស្ថានខាងលើ ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែក គំនូរជីវចល ការសម្ដែង ប្រព័ន្ធផ្សព្វផ្សាយ Digital និងមានកម្មវិធីផ្លាស់ប្ដូរបទពិសោធន៍ជាមួយសាលាបរទេសផងដែរ ៕

ប្រែសម្រួល៖ វ៉ាន់ថន
ប្រភព៖ shanghaiist
ប្រភព៖ shanghaiist







0 comments:
Post a Comment